ភាសាខ្មែរ
សៀមរាបៈ ផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប (NSRIA) តម្លៃ១ពាន់លានដុល្លារត្រូវពន្យារពេល និងគ្មានកាលបរិច្ឆេទច្បាស់លាស់សម្រាប់គម្រោងនេះដោយសារក្រុមហ៊ុន អភិវឌ្ឍន៍កំពុងសម្លឹងរកមើលដៃគូថ្មី។
តាមគម្រោងការបុកគ្រឹះសាងសង់នឹងត្រូវធ្វើនៅខែឧសភា ប៉ុន្តែត្រូវបានពន្យារ ដោយគ្មានការកំណត់ពេលថានឹងត្រូវចាប់ផ្តើមពេលណាច្បាស់លាស់ នោះទេ។
លោក តឹក រ៉េតសំរេច ប្រធានគណៈកម្មាធិការនាយកព្រលានយន្តហោះនេះបានឲ្យដឹងកាលពី ម្សិលមិញថា ព្រលានយន្តហោះអន្តរជាតិសៀមរាប ជាការបណ្តាក់ទុនស្មើគ្នារវាង Camco Airport Co Ltd និង Lees A&A នៅមិនអាចចាប់ផ្តើមការសាងសង់គម្រោងធំនេះបាននៅឡើយទេ។
ក្រុមហ៊ុនកូរ៉េទាំងពីរ ដែលបានជួបរឿងអាស្រូវកាលពីឆ្នាំមុន នៅកូរ៉េខាងត្បូង កំពុងពុះពារលើគម្រោងព្រលានយន្តហោះដ៏ធំជាងគេនៅកម្ពុជាមួយ នេះ។ នេះបើយោងតាមលោក តឹក រ៉េតសំរេច។
NSRIA បានបដិសេធជូនដំណឹងជាផ្លូវការដល់រដ្ឋាភិបាលកម្ពុជា អំពីគម្រោងរបស់ខ្លួន។ ព្រលានថ្មីនេះត្រូវគេសង្ឃឹមថាមានសមត្ថភាពអាចទទួលអ្នកដំណើរ បាន១៥លាននាក់ ក្នុងមួយឆ្នាំ។ លោកបានលើកឡើងថា៖ «យើងបានបញ្ជូនលិខិតកាលពីដើមខែមេសា ប៉ុន្តែពួកគេមិនបានឆ្លើយតបជាផ្លូវការឡើយ ដោយគ្រាន់តែនិយាយថា ក្រុមហ៊ុន កំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងមួយចំនួន។ ពួកគេកំពុងស្វែងរកដៃគូថ្មី»រដ្ឋាភិបាល បានផ្តល់ព័ត៌មានលម្អិតមិនបានច្បាស់លាស់ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុន។
លោក តឹក រ៉េតសំរេច បានឲ្យដឹងថា លោកមិនបានដឹងថាតើក្រុមហ៊ុនមួយណាក្នុងចំណោមទាំងពីរ កំពុងស្វែងរកដៃគូថ្មី ឬ អាចមានក្រុមហ៊ុនមួយ នឹងត្រូវដកខ្លួននោះឡើយ។
កាលពីខែមីនា ដើមឆ្នាំនេះភ្នំពេញ ប៉ុស្តិ៍ បានធ្វើសេចក្តីរាយការណ៍ថា ការសាងសង់នេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងយ៉ាងឆាប់បំផុតនៅខែមេសា។
នៅពេលនោះ គណៈកម្មាធិការនាយក បានបង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមគម្រោងទាន់ពេលវេលា ទោះបីជាដៃគូសំខាន់របស់កូរ៉េ បានជាប់ពន្ធនាគារនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ។
មិនអាចទាក់ទងក្រុមហ៊ុន Camco Airport Co Ltd និង Lees A&A បានទេ កាលពីម្សិលមិញ។
NSRIA មិនបានប្រកាសអំពីគម្រោងថ្មី ក្នុងការបុកគ្រឹះនៅឆ្នាំនេះឡើយ ដែលធ្វើឲ្យមានការព្រួយបារម្ភទាក់ទងនឹងការពន្យារពេលយូរ ដូចគម្រោងកាំកូស៊ីធី និង Gold Tower។
លោក តឹក រ៉េតសំរេច លើកឡើងថា៖ «សម្រាប់គម្រោងវិនិយោគធំៗដូចនេះ បើផ្អាក ២ ទៅ ៣ខែ នោះមិនមានបញ្ហាឡើយ ប៉ុន្តែការផ្អាកមិនគួរលើសពីមួយឆ្នាំឡើយ ។ ខាងភាគីរដ្ឋាភិបាល យើងបានផ្តល់ដីឲ្យពួកគេអភិវឌ្ឍ។ យើងសង្ឃឹមថា គេអាចស្វែងរកដៃគូថ្មីបានឆាប់និងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ »។
ការរចនាប្លង់ព្រលានយន្តហោះនេះត្រូវបានបញ្ជូនមកកាន់មន្ត្រី កម្ពុជាហើយ។ នេះបើតាមការរាយការណ៍របស់ភ្នំពេញ ប៉ុស្តិ៍ កាលពីខែមីនា។ រដ្ឋាភិបាលបានផ្តល់ដីដល់ NSRIA ៥០០ហិកតា កាលពីឆ្នាំ២០១០ ដែលមានចម្ងាយ ៦០គីឡូម៉ែត្រពីទីក្រុងសៀមរាប។
កាលពីខែមីនា លោក Lee Tae-hwan ប្រធាននាយកប្រតិបត្តិ NSRIA ត្រូវកាត់ទោសឲ្យជាប់គុក៧ឆ្នាំ ពាក់ព័ន្ធនឹងការបោកបន្លំប្រាក់កម្ចីនៅ Busan។ រឿងអាស្រូវដែលធ្វើឲ្យរន្ធត់ដល់អ្នកហិរញ្ញវត្ថុ និងវិនិយោគិនកូរ៉េ បានបង្អាក់ការសាងសង់គម្រោងខេមកូស៊ីធី ជាទីក្រុងរណបភ្នំពេញ ដែលចំណាយអស់ប្រាក់២ពាន់លានដុល្លារ។
លោក អាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹង កាលពីម្សិលមិញថា ព្រលានដ៏ធំនេះនឹងអាចនាំយកភ្ញៀវទេសចរ៧លាននាក់ក្នុងមួយឆ្នាំៗមកកម្ពុជា ហើយរដ្ឋាភិបាលសង្ឃឹមថានឹងទទួលបានចំនួននេះនៅត្រឹមឆ្នាំ២០២០។ លោកបន្តថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានសមត្ថភាពអាចផ្ទុកអ្នកដំណើរបាន៣លាននាក់ ក្នុងមួយឆ្នាំ។
លោកបន្តថា៖ «បើយើងសម្លឹងមើលគោលដៅរបស់ក្រសួង យើងត្រូវការព្រលានយន្តហោះដែលមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបាន ច្រើន ដូច្នេះយើងអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។ យើងអាចស្វាគមន៍ការហោះហើរផ្លូវឆ្ងាយពីអាមេរិក អឺរ៉ុប អូស្ត្រាលី។ល។»
លោកបន្ថែមថា ព្រលានយន្តហោះសុវណ្ណភូមិនៅបាងកកអាចទទួលភ្ញៀវបាន៤០លាននាក់ ក្នុងមួយឆ្នាំ ហើយវៀតណាម កំពុងពង្រីកសមត្ថភាពខ្លួន រហូតដល់១៥លាននាក់ក្នុងមួយឆ្នាំ៕ CS
English