Thursday, May 10, 2012
អាចនឹងមានការរៀបចំផែនការសង់ផ្លូវក្រោមទន្លេ
ភ្នំពេញៈ ការកកស្ទះចរាចរណ៍កាន់តែច្រើនឡើងៗ នៅតាមដងផ្លូវ និងមហាវិថីនានា នៃរាជធានីភ្នំពេញ អាចនាំឲ្យអ្នករៀបចំផែនការដឹកជញ្ជូន ចង់កសាងផ្លូវនៅក្រោមទន្លេសាប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅសប្តាហ៍នេះ។
សេចក្តីប្រកាស ដែលត្រូវបានគេចាត់ទុកថា ជារបស់មន្រ្តីមូលដ្ឋានម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះនេះ ត្រូវបានគេបង្ហោះកាលពីថ្ងៃពុធ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។
សេចក្តីប្រកាសនេះបានសរសេរបន្តទៀតថា៖ «កំណើនសេដ្ឋកិច្ចឆាប់រហ័ស របស់កម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញមមាញឹកជាងមុន។ រាជធានីនៅពេលបច្ចុប្បន្ននេះ មានប្រជាជនជិត ២លាននាក់។ បញ្ហាចរាចរណ៍ កំពុងតែស្មុគស្មាញ»។
ខណៈដែលមិនមានការរៀបរាប់លម្អិតបន្ថែមទៀត លើការកំណត់ការសាងសង់ ឬកម្រិតនៃការគូរប្លង់ ផ្លូវក្រោមដី ដែលពុំធ្លាប់មាននៅកម្ពុជានោះ គំនិតនេះ បានកើតមាន បន្ទាប់ពីផ្លូវចូលក្រុងផ្សេងៗទៀត ព្យាយាមកាត់បន្ថយការកកស្ទះចរាចរណ៍តាមរយៈការកសាងស្ពានអាកាស។
កាលពីចុងខែមេសា គណៈប្រតិភូរាជធានីភ្នំពេញមួយក្រុម បានធ្វើដំណើរទៅប្រទេសវៀតណាម ហើយបានមើលផ្លូវក្រោមដី ដែលមាន ៦ ខ្សែ កាត់ពីក្រោមទន្លេសាយហ្គន ក្នុងទីក្រុងហូជីមិញ។
ប្រធានមន្ទីរសាធារណៈ រាជធានីភ្នំពេញ លោក សំ ពិសិដ្ឋ បានថ្លែងនៅពេលនោះថា ផ្លូវក្រោមទន្លេសាប នៅរាជធានីភ្នំពេញ អាចជាផ្លូវមួយទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
រាជធានីភ្នំពេញបច្ចុប្បន្ន មានស្ពានអាកាសចំនួនពីរ មួយនៅក្បាលថ្នល់ ស្ថិតក្នុងខណ្ឌមានជ័យ និងមួយទៀតនៅក្បែរមន្ទីរពេទ្យលោក សង្ឃ ស្ថិតក្នុងខណ្ឌទួលគោក ដែលស្ពានអាកាសទាំងពីរនេះ បានជួយកាត់បន្ថយស្ទើរតែទាំងស្រុង នូវការកកស្ទះចរាចរណ៍ ដែលតែងតែកកស្ទះជាប្រចាំនៅក្នុងតំបន់ទាំងពីរនេះ។ សាលារាជធានី ក៏មានគម្រោងសាងសង់ស្ពានអាកាសបន្ថែមទៀត នៅតាមផ្លូវបំបែកមួយចំនួនផងដែរ៕ NR